លក្ខខណ្ឌ Grab For Business
កាលបរិច្ឆេទកែប្រែចុងក្រោយ៖ ១ កក្កដា ២០២៤
១. លក្ខខណ្ឌ Grab for Business នេះត្រូវអនុវត្តចំពោះនីតិបុគ្គលផ្សេងៗ (“អ្នកប្រើប្រាស់សាជីវកម្ម”) ដែលចុះឈ្មោះសម្រាប់គណនី Grab for Business នៅលើច្រកស្វ័យប្រវត្តិកម្មនៃ Grab for Business Portal (“ច្រកស្វ័យប្រវត្តិកម្ម”) ហើយបង្កើតបានជាកិច្ចព្រមព្រៀងដែលចងកាតព្វកិច្ចផ្លូវច្បាប់ (“កិច្ចព្រមព្រៀង”) រវាងអ្នកប្រើប្រាស់សាជីវកម្ម និងក្រុមហ៊ុន ហ្គ្រេប (ខេមបូឌា) ឯ.ក (“ហ្គ្រេប”) ។ ការប្រើប្រាស់ច្រកស្វ័យប្រវត្តិកម្ម និងការសេវា Grab for Businessរបស់អ្នកប្រើប្រាស់សាជីវកម្ម គឺត្រូវគោរពតាមកិច្ចព្រមព្រៀង ដូចដែលអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រ Grab for Business ពីពេលមួយទៅពេលមួយ ។ អ្នកប្រើប្រាស់សាជីវកម្មមានទំនួលខុសត្រូវក្នុងការពិនិត្យមើលច្រកស្វ័យប្រវត្តិកម្ម និងគេហទំព័ររបស់ ហ្គ្រេប សម្រាប់ការជូនដំណឹង ឬ ការធ្វើបច្ចុប្បន្នភាពផ្សេងៗ ។
ការគ្រប់គ្រងគណនី
២. នៅពេលយល់ព្រមទទួលយកកិច្ចព្រមព្រៀង និងដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់គណនីរបស់ Grab អ្នកប្រើប្រាស់ សាជីវកម្មនឹងអាចតាមដានការប្រើប្រាស់សេវាកម្មផ្សេងៗដែលមានលើហ្គ្រេប របស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ (“អ្នកប្រើប្រាស់ដែលមានសិទ្ធិ” – “Authorized Users”) តាមរយៈគណនីអ្នកប្រើប្រាស់សាជីវកម្មនៅលើច្រកស្វ័យប្រវត្តិកម្ម ។
៣. អ្នកប្រើប្រាស់ដែលមានសិទ្ធិត្រូវឱ្យមានគណនី Grab ផ្ទាល់ខ្លួន និងកំពុងប្រើប្រាស់សកម្ម។ អ្នកប្រើប្រាស់ដែលមានសិទ្ធិ ប្រើប្រាស់កម្មវិធី Grab App គឺត្រូវគោរពតាម លក្ខខណ្ឌនៃសេវាកម្ម៖ ការដឹកអ្នកធ្វើដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក (“លក្ខខណ្ឌនៃសេវាកម្ម”) ។ គ្រប់ទាំងវាក្យសព្ទ និងសេចក្តីយោងផ្សេងៗដែលមិនបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនេះ នឹងមានអត្ថន័យដូចគ្នាទៅនឹងវាក្យសព្ទ និងសេចក្ដីយោង ដូចដែលបានកំណត់នៅក្នុងលក្ខខណ្ឌនៃសេវាកម្ម ។
៤. អ្នកប្រើប្រាស់សាជីវកម្មត្រូវតែផ្តល់ឱ្យ ហ្គ្រេប នូវព័ត៌មានទាំងអស់ដែលបានស្នើសុំដោយសមហេតុផល (“ទិន្នន័យនៃការភ្ជាប់”) សម្រាប់គោលបំណងផ្ទៀងផ្ទាត់ គណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ ដែលបានកំណត់ ហើយ ភ្ជាប់ទិន្នន័យនោះជាមួយគណនីអ្នកប្រើប្រាស់សាជីវកម្ម ។ អ្នកប្រើប្រាស់សាជីវកម្មក៏ត្រូវទទួលខុសត្រូវក្នុងការធានាថារាល់ទិន្នន័យនៃការភ្ជាប់គឺត្រឹមត្រូវ ចុងក្រោយ និងពេញលេញ ។
៥. អ្នកប្រើប្រាស់សាជីវកម្មត្រូវទទួលខុសត្រូវចំពោះការទទួលបានការយល់ព្រមដែលតម្រូវឱ្យមាន និងចាំបាច់ទាំងអស់ពី អ្នកប្រើប្រាស់ដែលមានសិទ្ធិ ក្នុងការផ្តល់ទិន្នន័យនៃការភ្ជាប់ រួមទាំងជូនដំណឹងដល់អ្នកប្រើប្រាស់ដែលមានសិទ្ធិថា តាមរយៈការភ្ជាប់គណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ ទៅគណនីអ្នកប្រើប្រាស់សាជីវកម្មនឹងអនុញ្ញាតឱ្យ ហ្គ្រេប ផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតនៃការធ្វើដំណើររបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ និងការកក់នៅលើកម្មវិធី Grab App ។
៦. អ្នកប្រើប្រាស់សាជីវកម្មត្រូវទទួលខុសត្រូវចំពោះរាល់តម្លៃផ្សេងៗដែលកើតឡើងដោយអ្នកប្រើប្រាស់ដែលមានសិទ្ធិនៅលើ កម្មវិធី Grab App ហើយត្រូវបានគិតប្រាក់ទៅក្នុងគណនីអ្នកប្រើប្រាស់សាជីវកម្ម (“តម្លៃសេវាអ្នកប្រើប្រាស់”) រួមទាំង តម្លៃដែលក្លែងបន្លំ ដែលហាមឃាត់ ឬ ដែលមិនត្រូវបានអនុញ្ញាតផងដែរ ដែលកើតឡើងដោយអ្នកប្រើប្រាស់ដែលមានសិទ្ធិ ។ ការគិតតម្លៃលើកម្មវិធី Grab App អាចនឹងមានការផ្លាស់ប្តូរគ្រប់ពេលវេលា ។
៧. អ្នកប្រើប្រាស់សាជីវកម្មត្រូវតែតែងតាំងអ្នកគ្រប់គ្រងរដ្ឋបាល (“អ្នកគ្រប់គ្រងរដ្ឋបាល”) ដែលត្រូវបានអនុញ្ញាតឱ្យធ្វើ សកម្មភាពដូចខាងក្រោមនៅក្នុងច្រកស្វ័យប្រវត្តិកម្ម៖ (ក) ពិនិត្យមើលបុគ្គលដែលត្រូវបានអញ្ជើញឱ្យជា អ្នកប្រើប្រាស់ដែលមានសិទ្ធិ និង អ្នកប្រើប្រាស់ដែលមានសិទ្ធិដែលត្រូវបានភ្ជាប់រួចរាល់ហើយ (ខ) ផ្តល់ទិន្នន័យនៃការភ្ជាប់បន្ថែម ដើម្បីអញ្ជើញ អ្នកប្រើប្រាស់ដែលមានសិទ្ធិបន្ថែមទៀត (គ) ដកហូតសិទ្ធិអាក់សេសក្នុងការចេញវិក្កយបត្រសាជីវកម្មរបស់អ្នកប្រើប្រាស់ ដែលមានសិទ្ធិ (ឃ) មើលព័ត៌មានការធ្វើដំណើរ/ការកក់ដែលពាក់ព័ន្ធ ដូចដែលបានកំណត់ដោយ ហ្គ្រេប ពីពេលមួយទៅ ពេលមួយ (“ទិន្នន័យច្រកស្វ័យប្រវត្តិកម្ម” – “Portal Data”) ហើយរៀបចំ និងពិនិត្យរបាយការណ៍សកម្មភាពដោយ ប្រើទិន្នន័យច្រកស្វ័យប្រវត្តិកម្ម (ង) គ្រប់គ្រងការអាក់សេសទៅវិធីទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ (ច) គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព អ្នកប្រើប្រាស់ដែលមានសិទ្ធិលើឯកសារ និង/ឬ (ឆ) ពិនិត្យមើលអ្នកគ្រប់គ្រងរដ្ឋបាលបច្ចុប្បន្ន តែងតាំងថ្មី និងដកហូតអ្នកគ្រប់គ្រងរដ្ឋបាលចេញ ។ អ្នកប្រើប្រាស់សាជីវកម្ម និងអ្នកគ្រប់គ្រងរដ្ឋបាល ត្រូវតែប្រើប្រាស់ទិន្នន័យច្រកស្វ័យប្រវត្តិកម្មសម្រាប់តែគោលបំណងអាជីវកម្មស្របច្បាប់ដូចជា ដំណើរការចំណាយអាជីវកម្ម គណនេយ្យ និង គោលបំណងថវិកាប៉ុណ្ណោះ ។ ហ្គ្រេប រក្សាសិទ្ធិក្នុងការបន្ថែម ដកចេញ និងធ្វើបច្ចុប្បន្នភាពមុខងារ និងតួនាតីផ្សេងៗរបស់ Grab for Business Portal នៅពេលណាក៏បាន ។
៨. អ្នកប្រើប្រាស់សាជីវកម្មត្រូវតែ៖ (ក) រក្សាព័ត៌មាននៃការអាក់សេសចូលច្រកស្វ័យប្រវត្តិកម្មទាំងអស់ជាការសម្ងាត់ (ខ) ធានាថាមានតែអ្នកគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះដែលមានសិទ្ធិអាក់សេសប្រើព័ត៌មានបញ្ជាក់ការចូលប្រើប្រាស់ និង (គ) ធ្វើ បច្ចុប្បន្នភាពព័ត៌មានទាំងអស់របស់អ្នកគ្រប់គ្រងរដ្ឋបាលជាទៀងទាត់ ដើម្បីធានាថាព័ត៌មានទាំងនោះបច្ចុប្បន្ន ត្រឹមត្រូវ និង ពេញលេញ ។ អ្នកប្រើប្រាស់សាជីវកម្មត្រូវទទួលខុសត្រូវចំពោះសកម្មភាពទាំងអស់ដែលបានប្រើប្រាស់លេខសម្គាល់អាក់សេសចូលច្រកស្វ័យប្រវត្តិកម្ម ។
អាណត្តិ និង ការបញ្ចប់
៩. កិច្ចព្រមព្រៀងនេះចូលជាធរមានចាប់ពីកាលបរិច្ឆេទនៃការបង្កើតគណនីអ្នកប្រើប្រាស់សាជីវកម្មរបស់អ្នក ហើយនៅតែ មានសុពលភាពតាមផ្លូវច្បាប់រហូតដល់គណនីនោះត្រូវបានបញ្ចប់ ។ អ្នក ឬ ហ្គ្រេប អាចបញ្ចប់កិច្ចព្រមព្រៀងនេះបានដោយមិនចាំបាច់មានមូលហេតុទេ ដោយគ្រាន់តែផ្ដល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនរយៈពេល ៣០ ( សាមសិប) ថ្ងៃទៅកាន់ភាគីម្ខាងទៀត ។ ហ្គ្រេប អាចបញ្ចប់កិច្ចព្រមព្រៀងជាមួយអានុភាពភ្លាមៗក្នុងករណីដែល៖ (ក) អ្នកប្រើប្រាស់សាជីវកម្មបំពានកិច្ចព្រមព្រៀងនេះយ៉ាងធ្ងន់ធ្ងរ រួមទាំងការមិនបានបង់ប្រាក់តម្លៃសេវាអ្នកប្រើប្រាស់ និង/ឬ ថ្លៃសេវាផ្សេងៗទៀត ឬ (ខ) អ្នកប្រើប្រាស់សាជីវកម្មមិនអាចសងបំណុលរបស់ខ្លួន ក្លាយជាអសាធនភាព នៅក្នុង ការជម្រះបញ្ជី ការផ្ដល់សំណង ឬ ការគ្រប់គ្រងរបស់តុលាការ ។ រាល់កាតព្វកិច្ចទូទាត់ដែលនៅសេសសល់ទាំងអស់ កាតព្វកិច្ចការរក្សាការសម្ងាត់ និងផ្សេងៗទៀត ដែលមានលក្ខណនៅបន្ដអានុភាព ក្រោយការបញ្ចប់នៃកិច្ចព្រមព្រៀង ត្រូវ បន្ដមានអានុភាពបន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងនេះ ។
កម្រៃសេវា និង ការទូទាត់
១០. ហ្គ្រេប អាចគិតតម្លៃសេវា Grab for Business និងច្រកស្វ័យប្រវត្តិកម្មដែលកំណត់ដោយ ហ្គ្រេប ពីពេលមួយទៅពេលមួយ (“កម្រៃសេវា”) ។ កម្រៃសេវា និងលក្ខខណ្ឌពាណិជ្ជកម្មផ្សេងៗទៀតត្រូវបានយល់ព្រមដោយអ្នកប្រើប្រាស់សាជីវកម្ម ជាលាយលក្ខណ៍អក្សរនៅក្នុងកិច្ចព្រមព្រៀងបំពេញបន្ថែម ហើយកិច្ចព្រមព្រៀងបំពេញបន្ថែមនោះត្រូវបង្កើតបានជាផ្នែក មួយនៃកិច្ចព្រមព្រៀងនេះ ។
១១. អ្នកប្រើប្រាស់សាជីវកម្មដែលបានជ្រើសរើស និងត្រូវបានអនុញ្ញាតដោយ ហ្គ្រេប ក្នុងការចេញវិក្កយបត្រសម្រាប់ ការគិតតម្លៃសេវាអ្នកប្រើប្រាស់ប្រចាំខែ (“ការចេញវិក្កយបត្រសាជីវកម្ម”) នឹងត្រូវបានផ្តល់របាយការណ៍នៃការគិតតម្លៃសេវាអ្នកប្រើប្រាស់ដែលកើតឡើងនៅចុងខែនីមួយៗ (“របាយការណ៍ប្រចាំខែ”) ។ ការគិតតម្លៃ និងកម្រៃសេវារបស់ អ្នកប្រើប្រាស់ គឺត្រូវទូទាត់ដោយអ្នកប្រើប្រាស់សាជីវកម្ម ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទ នៃរបាយការណ៍ប្រចាំខែ ស្របតាមវិធីទូទាត់ដែលបានកំណត់នៅលើរបាយការណ៍ប្រចាំខែ ឬ កិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរដាច់ដោយឡែកណាមួយរវាង ហ្គ្រេប និងអ្នកប្រើប្រាស់សាជីវកម្ម ។
១២. សម្រាប់អ្នកប្រើប្រាស់សាជីវកម្មដែលបានជ្រើសរើសទូទាត់ប្រាក់សម្រាប់តម្លៃសេវាអ្នកប្រើប្រាស់ តាមរយៈការទូទាត់សង វិញ – reimbursement ឬ ការទូទាត់តាមកាតឥណទានសាជីវកម្ម នោះ ហ្គ្រេប នឹងគិតប្រាក់ពីអ្នកប្រើប្រាស់ ដែលមានសិទ្ធិសម្រាប់ការគិតតម្លៃអ្នកប្រើប្រាស់នៅចុងបញ្ចប់នៃការធ្វើដំណើរ/ការកក់របស់អ្នកប្រើប្រាស់ដែលមានសិទ្ធិនីមួយៗ លើ មូលដ្ឋានគិតតម្លៃធ្វើដំណើរ/ការកក់តាមវិធីបង់ប្រាក់ដែលបានជ្រើសរើសដោយអ្នកប្រើប្រាស់ដែលមានសិទ្ធិ ។ ប្រសិន បើការគិតប្រាក់បរាជ័យ អ្នកប្រើប្រាស់សាជីវកម្មត្រូវតែបង់តម្លៃសេវាអ្នកប្រើប្រាស់ ដូចដែលបានចេញវិក្កយបត្រជូនដោយ ហ្គ្រេប ។
១៣. កម្រៃសេវា និងតម្លៃសេវារបស់អ្នកប្រើប្រាស់ទាំងអស់គឺមិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម (“VAT”) និងពន្ធដារជាធរមានផ្សេងៗទៀតឡើយ ។ ប្រសិនបើត្រូវជាប់អាករលើតម្លៃបន្ថែម អ្នកប្រើប្រាស់សាជីវកម្មត្រូវបង់អាករលើតម្លៃបន្ថែមឱ្យ ហ្គ្រេប នៅពេលទូទាត់ ។ រាល់ចំនួនទឹកប្រាក់ដែលបានទូទាត់ទាំងអស់នឹងត្រូវបង់ដោយមិនមានការកាត់ទុកណាមួយសម្រាប់ ពន្ធកាត់ទុកឡើយ (ប្រសិនបើមាន) ។ ការទូទាត់ប្រាក់ទាំងអស់មិនអាចដកវិញបានទេ ។
១៤. ហ្គ្រេប រក្សាសិទ្ធិក្នុងការផ្អាក ឬ បិទគណនីអ្នកប្រើប្រាស់សាជីវកម្ម និងការចេញវិក្កយបត្រសាជីវកម្មណាមួយចំពោះ អ្នកប្រើប្រាស់ដែលមានសិទ្ធិទាំងអស់ ក្នុងករណីមិនបានទូទាត់តម្លៃសេវា និង/ឬ កម្រៃសេវារបស់អ្នកប្រើប្រាស់ ។ ហ្គ្រេប រក្សាសិទ្ធិក្នុងការបន្ដនីតិវិធីបណ្ដឹងផ្សេងៗ ដើម្បីទទួលបានសំណងដែលមាននៅក្រោមច្បាប់ជាធរមាន ។ ការបង្កើតគណនី របស់អ្នកឡើងវិញបន្ទាប់ពីការទូទាត់ពេញលេញនៃតម្លៃសេវា ឬ កម្រៃសេវារបស់អ្នកប្រើប្រាស់ គឺស្ថិតលើឆន្ទានុសិទ្ធិរបស់ ហ្គ្រេប តែប៉ុណ្ណោះ ។ ការទូទាត់ប្រាក់យឺតយ៉ាវទាំងអស់នឹងត្រូវបង្កើតជាការប្រាក់ចំនួន ១.៥% (មួយក្បៀសប្រាំ) បូកនឹងការផាកពិន័យចំនួន ០.៥ (សូបក្បៀសប្រាំ) ក្នុងមួយខែ ។
១៥. ហ្គ្រេប រក្សាសិទ្ធិក្នុងការផ្អាកការចូលរួមក្នុងការចេញវិក្កយបត្រសាជីវកម្មចំពោះការបំពានលើកិច្ចព្រមព្រៀងនេះ ។ ប្រសិន បើគណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិត្រូវបានផ្អាក ឬ បានបិទ នោះការអាក់សេសចូលទៅកាន់វិក្កយបត្រ សាជីវកម្មក៏នឹងត្រូវផ្អាកដូចគ្នាផងដែរ ។ អ្នកប្រើប្រាស់សាជីវកម្មនឹងមិនធ្វើ ហើយត្រូវធានាថាអ្នកគ្រប់គ្រងរដ្ឋបាលក្រុមហ៊ុន និងអ្នកផ្សេងៗទៀតមិន (ក) បំបែក បំបាក់ ការសិក្សាដើម្បីបង្កើតឡើងវិញ (reverse engineer) ឬ ព្យាយាមទាញយកកូដប្រភព ឬ បច្ចេកវិទ្យាមូលដ្ឋាន វិធីសាស្រ្ត ឬ ក្បួន algorithms នៃកម្មវិធី Grab App (ខ) ផ្ដល់អាជ្ញាប័ណ្ណបន្ដ ឱ្យជួលបន្ដ ជួល លក់ ផ្តល់ឱ្យ ឬ ការផ្ទេរប្រហាក់ប្រហែល ឬ ផ្តល់សេវាកម្មដែលមាននៅលើកម្មវិធី Grab App ទៅឱ្យតតិយជនដែលមិនពាក់ព័ន្ធណាមួយ (គ) គិតប្រាក់បន្ថែម បង្កើន ឬ កែប្រែការគិតតម្លៃរបស់អ្នកប្រើប្រាស់ ដូចដែលបានគណនាតាមរយៈវេទិកាសម្រាប់ការប្រើប្រាស់សេវាកម្មណាមួយ ឬ (ឃ) ដាក់កម្រៃសេវា ឬ តម្លៃបន្ថែមលើ អ្នកប្រើប្រាស់ដែលមានសិទ្ធិទាក់ទងនឹងការប្រើប្រាស់កម្មវិធី Grab App ។
ការធានា និង ការបដិសេធចំពោះការទទួលខុសត្រូវ
១៦. តាមរយៈការយល់ព្រមទទួលយកកិច្ចព្រមព្រៀង និងការចុះឈ្មោះសម្រាប់គណនី Grab for Business អ្នកប្រើប្រាស់ សាជីវកម្មធ្វើការតំណាងអះអាង និងធានាថា៖ (ក) ខ្លួនមានសិទ្ធិ សមត្ថភាព និងអំណាចពេញលេញក្នុងការចុះទៅក្នុង កិច្ចព្រមព្រៀងនេះ (ខ) ការអនុវត្តកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងនេះមិនបាន ហើយនឹងមិនបំពានលើកិច្ចព្រមព្រៀងផ្សេងៗទៀតដែលខ្លួនជាភាគីនោះទេ (គ) ខ្លួនមានសិទ្ធិ និងការអនុញ្ញាតទាំងអស់ដែលចាំបាច់ដើម្បីផ្តល់ឱ្យ ហ្គ្រេប នូវទិន្នន័យនៃការភ្ជាប់ និងព័ត៌មានផ្សេងៗទៀតដែលបានផ្តល់ឱ្យ ហ្គ្រេប (ឃ) អ្នកប្រើប្រាស់សាជីវកម្មបានទទួលការយល់ព្រមយ៉ាងត្រឹមត្រូវតាមច្បាប់ពីអ្នកប្រើប្រាស់ដែលមានសិទ្ធិ ជាការចាំបាច់ដើម្បីផ្តល់ឱ្យ ហ្គ្រេប នូវទិន្នន័យបុគ្គលណាមួយខាងក្រោម (ង) ខ្លួនបានជូនដំណឹង ហើយនឹងជូនដំណឹង និងទទួលបានការយល់ព្រមស្របច្បាប់ពីអ្នកប្រើប្រាស់ ដែលមានសិទ្ធិ ដែល ហ្គ្រេប នឹងផ្តល់ព័ត៌មានលម្អិតអំពីការធ្វើដំណើរ/ការកក់សម្រាប់ការធ្វើដំណើរ ឬ ការកក់ផ្សេងៗទៀតដែលត្រូវគិតប្រាក់ពីក្នុងគណនីអ្នកប្រើប្រាស់សាជីវកម្ម និង (ច) អ្នកប្រើប្រាស់សាជីវកម្មបានអនុលោមតាម ហើយនឹងបន្ត អនុលោមតាមក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀងនេះស្របតាម ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាធរមានទាំងអស់ដែលពាក់ព័ន្ធនឹងកិច្ចការពារទិន្នន័យ និងភាពឯកជន ។
១៧. ហ្គ្រេប មិនធ្វើការតំណាងអះអាង ឬ ការធានាចំពោះភាពជឿជាក់ ភាពទាន់ពេលវេលា គុណភាព ភាពសមស្រប ភាពអាចរកបាន ភាពត្រឹមត្រូវ ឬ ភាពពេញលេញនៃសេវាកម្ម Grab for Business កម្មវិធី Grab App ឬ ច្រកស្វ័យប្រវត្តិកម្មឡើយ ។ ហ្គ្រេប មិនធ្វើការតំណាងអះអាង ឬ ធានាថាសេវាកម្ម Grab for Business កម្មវិធី Grab App ឬ ច្រកស្វ័យប្រវត្តិ (ក) នឹងមានសុវត្ថិភាព គ្មានការរំខាន គ្មានកំហុស ឬ សមាសធាតុបង្កគ្រោះថ្នាក់ផ្សេងៗទៀត ឬ ដំណើរការរួមគ្នាជាមួយផ្នែកហាតវែរ កម្មវិធី ប្រព័ន្ធ ឬ ទិន្នន័យផ្សេងៗទៀតឡើយ (ខ) នឹងបំពេញតាមតម្រូវការ ឬ ការរំពឹងទុក ឬ (គ) រក្សាទុកទិន្នន័យដែលមានភាពត្រឹមត្រូវ ឬ អាចទុកចិត្តបានឡើយ ។ សេវាកម្ម Grab for Business កម្មវិធី Grab App និងច្រកស្វ័យប្រវត្តិកម្មក៏ដូចជាខ្លឹមសារដែលពាក់ព័ន្ធត្រូវបានផ្តល់ជូនយ៉ាងរឹតត្បិតលើមូលដ្ឋាន “ជាក់ស្ដែង” – “as is” ។ លក្ខខណ្ឌ តំណាងអះអាង និងការធានាទាំងអស់ រួមទាំងការធានាដែលបង្កប់ន័យណាមួយនៃលទ្ធភាពបែបពាណិជ្ជកម្មក្នុងទីផ្សារ សម្បទាសម្រាប់គោលបំណងជាក់លាក់ ឬ ការមិនរំលោភបំពានលើសិទ្ធិរបស់តតិយជន មិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងនេះទេ ក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ ។
១៨. គ្មានភាគីណាមួយត្រូវទទួលខុសត្រូវចំពោះភាគីម្ខាងទៀត ចំពោះ៖ (ក) ការខូចខាតដោយប្រយោល ការដាក់ទណ្ឌកម្ម ឧប្បត្តិហេតុ ពិន័យ ការខូចខាតពិសេស ឬ ជាលទ្ធផល ឬ ការខាតបង់ផ្នែកអាជីវកម្ម ឬ ប្រាក់ចំណេញ ដែលភាគីម្ខាងទៀតរងគ្រោះ ឬ តតិយជនណាមួយដែលកើតចេញពីកិច្ចព្រមព្រៀងនេះ ទោះជាផ្អែកលើកិច្ចសន្យា អំពើអនីត្យានុកូល ឬ ទ្រឹស្តីផ្លូវច្បាប់ណាមួយផ្សេងៗទៀត ទោះបីជាភាគីនោះត្រូវបានណែនាំអំពីលទ្ធភាពនៃការខូចខាតបែបនោះក្ដី និង (ខ) ការខូចខាតដោយផ្ទាល់ក្នុងចំនួនទឹកប្រាក់លើសពី (i) USD ១០០០ (មួយពាន់ដុល្លារសហរដ្ឋអាមេរិក) ឬ (ii) កម្រៃសេវាសរុបដែលអ្នកប្រើប្រាស់សាជីវកម្មទូទាត់ឱ្យ ហ្គ្រេប សម្រាប់ Grab for Business ក្នុងរយៈពេល ៣ (បី) ខែមុន កាលបរិច្ឆេទដែលការទទួលខុសត្រូវបានកើតឡើងដំបូង ។ ប្រការនេះមិនអនុវត្តចំពោះការទទួលខុសត្រូវរបស់អ្នក ប្រើប្រាស់សាជីវកម្មចំពោះ ហ្គ្រេប ដែលជាការរំលោភលើការសម្ងាត់ ឬ ច្បាប់ស្ដីពីឯកជនភាពទិន្នន័យជាធរមានឡើយ ។
ការការពារ និង ផ្ដល់សំណង
១៩. អ្នកប្រើប្រាស់សាជីវកម្មនឹងផ្តល់សំណង ការពារ និងធ្វើយ៉ាងណាមិនឱ្យ ហ្គ្រេប និងសម្ព័ន្ធរបស់ ហ្គ្រេប ព្រមទាំងអភិបាល មន្រ្តី បុគ្គលិក ភ្នាក់ងារស្នងតំណែង និងអនុប្បទានិករបស់សម្ព័ន្ធរបស់ ហ្គ្រេប មានគ្រោះថ្នាក់ដោយប្រឆាំងនឹងការទាមទារ ការខូចខាត ការបាត់បង់ និងការចំណាយទាំងអស់ (រួមទាំងតម្លៃសេវាផ្លូវច្បាប់សមរម្យ) ដែលកើតឡើងទាក់ទងនឹង (ក) ការបំពានណាមួយនៃកិច្ចព្រមព្រៀងដោយអ្នកប្រើប្រាស់សាជីវកម្ម (ខ) អ្នកប្រើប្រាស់សាជីវកម្ម ឬ ការប្រើប្រាស់សេវាកម្ម Grab for Business ឬ ច្រកស្វ័យប្រវត្តិកម្មមិនត្រឹមត្រូវ (គ) តតិយជន ឬ អ្នកប្រើប្រាស់ដែលមានសិទ្ធិប្រឆាំងនឹង ហ្គ្រេប ដោយសារតែអ្នកប្រើប្រាស់សាជីវកម្មរំលោភបំពានសិទ្ធិតតិយជន ឬ ច្បាប់ជាធរមាន ។
សិទ្ធិកម្មសិទ្ធិ
២០. គ្មានភាគីណាមួយអាចប្រើប្រាស់ ឬ យោងឈ្មោះ ស្លាកសញ្ញា ពាណិជ្ជសញ្ញា ឬ សេវាសញ្ញារបស់ភាគីម្ខាងទៀតដោយគ្មាន ការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីភាគីផ្សេងនោះក្នុងនីមួយៗឡើយ ។
២១. ហ្គ្រេប និងសម្ព័ន្ធក្រុមហ៊ុនរបស់ហ្គ្រេបនៅតែ ហើយត្រូវតែជាម្ចាស់នៃសិទ្ធិ ប័ណ្ណកម្មសិទ្ធិ និងផលប្រយោជន៍ទាំងអស់ នៅក្នុងកម្មវិធី Grab App និងច្រកស្វ័យប្រវត្តិកម្ម រួមទាំងការធ្វើបច្ចុប្បន្នភាព ការកែលម្អ និងកំណែថ្មីរបស់វា ព្រមទាំង ឯកសារ និងសម្ភារៈពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ជូនអ្នក ឬ អ្នកប្រើប្រាស់មានសិទ្ធិណាមួយដែលទាក់ទងនឹង កិច្ចព្រមព្រៀងនេះ។
២២. ហ្គ្រេប ផ្តល់អាជ្ញាប័ណ្ណមានកំណត់ មិនផ្តាច់មុខ មិនអាចផ្ទេរបាន អាចដកហូតវិញបាន និងគ្មានសួយសារអាករក្នុង ប្រទេសកម្ពុជាសម្រាប់រយៈពេលនៃការប្រើប្រាស់គណនីរបស់អ្នកប្រើប្រាស់សាជីវកម្ម ដែលត្រូវគោរពតាមការរឹតបន្តឹង អាជ្ញាប័ណ្ណ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីប្រើប្រាស់ទិន្នន័យភូមិសាស្ដ្ររបស់ហ្គ្រេប “Grab Geo Data” សម្រាប់គោលបំណង នៃការអាក់សេសចូលប្រើប្រាស់ និងមើលកំណត់ត្រាប្រតិបត្តិការសម្រាប់គោលបំណងអាជីវកម្មផ្ទៃក្នុងរបស់អ្នក។ សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ៖ “កំណត់ត្រាប្រតិបត្តិការ” មានន័យថា ជាកំណត់ត្រាប្រតិបត្តិការរបស់ អ្នកប្រើប្រាស់ដែលមានសិទ្ធិ ដែលបានភ្ជាប់ទៅក្នុងគណនីសាជីវកម្ម ហើយអ្នកប្រើប្រាស់ដែលមានសិទ្ធិនឹងត្រូវបាន អនុញ្ញាតឱ្យមើល រក្សាទុក និងទាញយកក្នុងទម្រង់ដូចដែលបានកំណត់ដោយឆន្ទានុសិទ្ធិតែមួយរបស់ ហ្គ្រេប ។ “ទិន្នន័យភូមិសាស្ត្ររបស់ហ្គ្រេប” – “Grab Geo Data” គឺជាទិន្នន័យទីតាំងភូមិសាស្ត្រណាមួយដែលរួមមាន ប៉ុន្តែមិនកំណត់ចំពោះ ទិន្នន័យរួម ឬ ចំណុចទីតាំងណាមួយ អាសយដ្ឋាន ចម្ងាយ និងឈ្មោះទីកន្លែងដែល ហ្គ្រេប បានធ្វើឱ្យអ្នកប្រើប្រាស់សាជីវកម្មអាចអាក់សេសចូលប្រើប្រាស់បាន ទាក់ទងនឹងការប្រើប្រាស់កម្មវិធី Grab App របស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ ។
២៣. អ្នកប្រើប្រាស់សាជីវកម្មនឹងធានាថា អ្នកប្រើប្រាស់ដែលមានសិទ្ធិនឹង៖ (ក) មិនប្រើប្រាស់ទិន្នន័យភូមិសាស្ដ្ររបស់ហ្គ្រេប Grab Geo Data សម្រាប់គោលបំណងណាមួយដែលមិនត្រូវបានអនុញ្ញាតនៅក្រោមកិច្ចព្រមព្រៀងនេះ ឬ ក្នុងលក្ខណៈ ណាមួយដែលផ្ទុយច្បាប់ ឬ បទប្បញ្ញត្តិ ឬ ក្រមប្រតិបត្តិ ការណែនាំ ឬ សំណើណាមួយឡើយ (ខ) មិនទាញយក ទាញចេញ កោសលុប កែឆ្នៃ ប្រើប្រាស់ កេងប្រវ័ញ្ច ចែកចាយ ចែកចាយឡើងវិញ ផ្សព្វផ្សាយ ចម្លង ឬ រក្សាទុកទិន្នន័យភូមិសាស្ដ្រហ្គ្រេប Grab Geo Data ឬ កំណត់ត្រាប្រតិបត្តិការសម្រាប់គោលបំណងណាមួយដែលមិនត្រូវបានអនុញ្ញាតយ៉ាងច្បាស់ ដោយកិច្ចព្រមព្រៀងនេះ និង (គ) នៅពេលណាមួយក្នុងរយៈពេល ១០ (ដប់) ថ្ងៃនៃការស្នើសុំពី ហ្គ្រេប ឬ នៅពេល ឮបញ្ចប់ ឬ ការផុតកំណត់នៃកិច្ចព្រមព្រៀងនេះ ធ្វើការបំផ្លាញ និងសម្អាតចេញពីប្រព័ន្ធផ្ទៃក្នុង និងប្រព័ន្ធបម្រុងទុក ទាំងអស់របស់ទិន្នន័យភូមិសាស្ដ្រហ្គ្រេប Grab Geo Data (រួមទាំងការទាញចេញ និងច្បាប់ចម្លងនៃទិន្នន័យទាំងនោះផងដែរ) លើកលែងតែ កំណត់ត្រាប្រតិបត្តិការអាចត្រូវបានរក្សាទុកសម្រាប់តែអនុវត្តគោលបំណងដែលមានចែងក្នុង កិច្ចព្រមព្រៀងនេះ។
ការរក្សារការសម្ងាត់
២៤. អ្នកប្រើប្រាស់សាជីវកម្មត្រូវរក្សាការសម្ងាត់ និងមិនត្រូវលាតត្រដាងដល់តតិយជនណាមួយនូវរាល់ព័ត៌មាន និងទិន្នន័យ ដែលទាក់ទងនឹង ហ្គ្រេប សេវាកម្ម ផលិតផល កិច្ចការអាជីវកម្ម ផែនការផ្នែកទីផ្សារ និងការផ្សព្វផ្សាយរបស់ ហ្គ្រេប ដែល ត្រូវបានលាតត្រដាងដោយ ឬ ក្នុងនាម ហ្គ្រេប ទោះក្នុងទម្រង់បែបណាក៏ដោយ ដោយយោងទៅនឹងទំនាក់ទំនងជាមួយ កិច្ចព្រមព្រៀងនេះ ឬ ដែលត្រូវបានទទួលដោយផ្ទាល់ ឬ ដោយប្រយោលដោយអ្នកប្រើប្រាស់សាជីវកម្មពី ហ្គ្រេប ឬ សម្ព័ន្ធក្រុមហ៊ុនរបស់ហ្គ្រេប ក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះ ។ អ្នកប្រើប្រាស់សាជីវកម្មត្រូវធានាថាព័ត៌មានសម្ងាត់ផ្សេងៗទាំងនោះត្រូវបានប្រើប្រាស់ដើម្បីតែការប្រើប្រាស់សេវាកម្ម Grab for Business និងច្រកស្វ័យប្រវត្តិកម្មប៉ុណ្ណោះ។ កាតព្វកិច្ចនៃការរក្សាការសម្ងាត់ខាងលើមិនត្រូវបានរាប់បញ្ចូលក្នុងវិសាលភាពកំណត់ដែលព័ត៌មានទាំងនោះមាន (ក) រួចហើយនៅពេលទទួលបានដោយស្របច្បាប់នៅក្នុងការកាន់កាប់របស់អ្នក (ខ) ព័ត៌មាននោះនៅពេលបច្ចុប្បន្ននេះ ឬ នាពេលអនាគតក្លាយជាចំណេះដឹងសាធារណៈដោយគ្មានកំហុស ឬ ការខកខានមិនបានបំពេញកាតព្វកិច្ចក្នុងផ្នែករបស់អ្នក (គ) ត្រូវបានទទួលពីតតិយជនដែលមានសិទ្ធិលាតត្រដាងព័ត៌មាននោះ ឬ (ឃ) តម្រូវឱ្យលាតត្រដាងដោយច្បាប់ ។
ប្រធានសក្ដិ
២៥. ការមិនអនុវត្តកាតព្វកិច្ចណាមួយខាងក្រោមរបស់ភាគីនឹងត្រូវបានលើកលែងចំពោះវិសាលភាព និងក្នុងអំឡុងពេលដែល ការអនុវត្តមិនអាចសម្រេចបានដោយ កូដកម្ម អគ្គីភ័យ ទឹកជំនន់ ការរញ្ជួយដី សកម្មភាពរបស់រដ្ឋាភិបាល ឬ ការបញ្ជា ឬ ការរឹតបន្តឹង ការបរាជ័យរបស់អ្នកផ្គត់ផ្គង់ ឬ អ្នកម៉ៅការ ឬ ហេតុផលណាមួយផ្សេងទៀត ដែលការខកខានក្នុងការអនុវត្តនោះគឺហួសពីការគ្រប់គ្រងដែលសមហេតុផល និងមិនមែនបណ្តាលមកពីការធ្វេសប្រហែសរបស់ភាគីដែលមិនអនុវត្ត។
ឯកជនភាពទិន្នន័យ
២៦. ហ្គ្រេប ប្រមូល ធ្វើប្រព្រឹត្តិកម្ម ផ្ទេរ និងធ្វើឱ្យមានសុវត្ថិភាពទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់សាជីវកម្ម និងអ្នកប្រើប្រាស់ ដែលមានសិទ្ធិរបស់អ្នកប្រើប្រាស់សាជីវកម្ម ដោយយោងទៅតាមលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពរបស់ហ្គ្រេប ដែលទាក់ទងនឹង Grab for Business និងគោលបំណងចាំបាច់ផ្សេងៗទៀតនៅក្រោមលក្ខខណ្ឌនៃសេវាកម្មរបស់ហ្គ្រេប និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីកិច្ចការពារទិន្នន័យជាធរមានទាំងអស់ ។
២៧. អ្នកប្រើប្រាស់សាជីវកម្មមិនមានកាតព្វកិច្ចក្នុងការផ្តល់ឱ្យ ហ្គ្រេប នូវទិន្នន័យបុគ្គល និងទិន្នន័យណាមួយ រួមមាន ប៉ុន្តែ មិនកំណត់ចំពោះ ទិន្នន័យបុគ្គលដែលប្រមូលបានដោយ ហ្គ្រេប នឹងត្រូវបានផ្តល់ឱ្យដោយអ្នកប្រើប្រាស់សាជីវកម្មតាម ឆន្ទៈផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សាជីវកម្ម និងដោយមានការយល់ព្រមច្បាស់លាស់ពីអ្នកប្រើប្រាស់សាជីវកម្មដែលបាន ផ្តល់ដោយការទទួលយកលក្ខខណ្ឌទាំងនេះ។
២៨. អ្នកប្រើប្រាស់សាជីវកម្មសូមធ្វើការ (i) ក្នុងករណីតម្រូវ សន្យាអនុវត្តទទួលយកបានការយល់ព្រមដែលច្បាស់លាស់ពី អ្នកប្រើប្រាស់ដែលមានសិទ្ធិរបស់ខ្លួន សម្រាប់ការប្រមូល ប្រព្រឹត្តិកម្ម ផ្ទេរ និងផ្ដល់សុវត្ថិភាពទិន្នន័យ រួមមានប៉ុន្តែមិនកំណត់ចំពោះ ទិន្នន័យបុគ្គល ដែលបានពិពណ៌នានៅទីនេះ និង (ii) ក្នុងករណីពិតជាក់ស្ដែង បញ្ជាក់ថា អ្នកប្រើប្រាស់សាជីវកម្ម ប្រមូល និងប្រព្រឹត្តិកម្មទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីកិច្ចការពារទិន្នន័យជាធរមាន ។
អនុប្បទាន
២៩. ភាគី អាចធ្វើអនុប្បទានកិច្ចព្រមព្រៀងនេះដោយគ្មានការយល់ព្រម ប៉ុន្តែដោយមានការជូនដំណឹងទៅភាគីម្ខាងទៀត ទាក់ទងនឹងការរួមបញ្ចូលគ្នា ឬ ការលក់ភាគហ៊ុន ឬ ទ្រព្យសម្បត្តិទាំងអស់របស់ភាគីនោះ។ ដោយអនុលោមតាមលក្ខខណ្ឌផ្សេងៗខាងលើ កិច្ចព្រមព្រៀងនេះត្រូវចងកាតព្វកិច្ចលើអ្នកស្នងតំណែង និងអនុប្បទានិករបស់ភាគីនីមួយៗ ។
ការដោះស្រាយវិវាទ និង ច្បាប់គ្រប់គ្រង
៣០. កិច្ចព្រមព្រៀងនេះ ត្រូវបានគ្រប់គ្រងដោយ និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ វិវាទណាមួយដែល កើតចេញពី ឬ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ រួមទាំងសំណួរទាក់ទងនឹងអត្ថិភាព សុពលភាព ការអនុវត្ត ឬ ការបញ្ចប់នៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ជូនទៅ និងដោះស្រាយជាស្ថាពរដោយមជ្ឈត្តកម្ម ចាត់ចែងដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកកម្មពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា (“ម.ជ.ម”) ស្របតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម (“វិធានស្ដីពីមជ្ឈត្តការ ម.ជ.ម”) ដែលមានសុពលភាពអនុវត្តនៅពេលចាប់ផ្តើមដំណើរការមជ្ឈត្តការ ហើយតាមរយៈការយោងនៅក្នុងប្រការនេះ វិធានស្ដីពីមជ្ឈត្តការ ម.ជ.ម ត្រូវបានចាត់ទុកថារួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ វេទិការមជ្ឈត្តកម្មត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វេទិការមជ្ឈត្តកម្មត្រូវមានមជ្ឈត្តករ ១ (មួយ) រូប ដែលតែងតាំងដោយប្រធាន ម.ជ.ម ។ ភាសានៃមជ្ឈត្តកម្មត្រូវធ្វើជាភាសាអង់គ្លេស ។ ទោះបីជាមានចែងក្នុងប្រការនេះ ឬ កិច្ចព្រមព្រៀងនេះក្ដី ភាគីមិនត្រូវបានហាមឃាត់ក្នុងការស្វែងរកចំណាត់ការបន្ទាន់ ឬ ការរក្សាការពារប្រហាក់ប្រហែលពីតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចនោះទេ ។
ទំនាក់ទំនង
៣១. គ្មានបទប្បញ្ញត្តិណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះនឹងត្រូវបានបកស្រាយថាជាការបង្កើតជាទីភ្នាក់ងារ ភាពជាដៃគូសហការ ឬ ក្នុងទម្រង់ផ្សេងៗទៀតនៃសហគ្រាសរួមគ្នាជាមួយ ហ្គ្រេប នោះទេ ។
ស្វ័យភាពនៃបទប្បញ្ញត្តិ
៣២. ប្រសិនបើបទប្បញ្ញត្តិណាមួយនៃកិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថាអសុពលភាព ឬ គ្មានអនុភាពអនុវត្ត នោះភាពស្របច្បាប់ សុពលភាព និងអនុភាពអនុវត្តនៃបទប្បញ្ញត្តិដែលនៅសេសសល់នឹងមិនត្រូវទទួលរងផលប៉ះពាល់ ឬ បាត់បង់អនុភាពអនុវត្តឡើយ ។
គ្មានការលើកលែង
៣៣. ការខកខានរបស់ ហ្គ្រេប ក្នុងការអនុវត្តសិទ្ធិ ឬ បទប្បញ្ញត្តិណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះនឹងមិនបង្កើតបានជា ការលះបង់នៃសិទ្ធិ ឬ បទប្បញ្ញត្តិនោះឡើយ ។
កិច្ចព្រមព្រៀងទាំងមូល
៣៤. កិច្ចព្រមព្រៀងនេះរួមមានការព្រមព្រៀងទាំងមូល ចុងក្រោយ រវាងអ្នកប្រើប្រាស់សាជីវកម្ម និង ហ្គ្រេប ទាក់ទងនឹងសេវាកម្ម Grab for Business ។ នៅពេលដែលអ្នកប្រើប្រាស់សាជីវកម្មចុះកិច្ចព្រមព្រៀងបំពេញបន្ថែមជាលាយលក្ខណ៍អក្សរ ដែលបង្កើតបានជាសេចក្ដីយោងនៃកិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងបំពេញបន្ថែមនោះបង្កើតបានជាផ្នែកមួយនៃ កិច្ចព្រមព្រៀងនេះ។