Grab ដែលជាកម្មវិធីទូរសព្ទដ៏អស្ចារ្យ និងឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំកម្មវិធីថ្លែងអំណរគុណ ដល់ដៃគូបើកបរម៉ូតូកង់បី និងរ៉ឺម៉ក (GrabTukTuk និង GrabRemorque) ឆ្នើម ចំនួន១០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ កាលពីថ្ងៃសៅរ៍ កន្លងទៅ។ ដៃគូបើកបរឆ្នើមដែលបានចូលរួមទាំងអស់ ទទួលរង្វាន់លើកទឹកចិត្ត និងឱកាសឈ្នះរង្វាន់ ពីឆ្នោតផ្សងសំណាងដូចៗគ្នា។
ក្រៅពីនេះ ពួកគាត់ក៏ទទួលបានការណែនាំលើមុខងារសំខាន់ៗ ក្នុងកម្មវិធីរបស់Grab ដែលជួយឲ្យពួកគាត់ ទទួលបានប្រាក់ចំណូលបន្ថែម។ ដៃគូបើកបរឆ្នើមជាងគេបំផុតចំនួន ៣នាក់ របស់ Grab ត្រូវបាន ផ្តល់បណ្ណចាក់ហ្គាសក្នុងចំនួនទឹកប្រាក់១៥០ដុល្លារ ១០០ដុល្លារ និង៨០ដុល្លារ ជារង្វាន់លើកទឹកចិត្តបន្ថែម។ អ្នកបើកបរផ្សេងទៀត ក៏បានឈ្នះបណ្ណចាក់ហ្គាស ក្នុងចំនួនទឹកប្រាក់២០ដុល្លារ និងរង្វាន់ជាច្រើនផ្សេងទៀត ពីការចាប់ឆ្នោតផ្សងសំណាងផងដែរ។
លោកប៉ាត អាង ជាដៃគូបើកបរម៉ូតូកង់បី ដែលបានភ្ជាប់កម្មវិធី Grab អស់រយៈពេលជិត១ឆ្នាំ ត្រូវបានជ្រើសរើសជាដៃគូបើកបរឆ្នើមបំផុតប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅក្នុងកម្មវិធីថ្លែងអំណរគុណនេះ។ ការជ្រើសរើសនេះ គឺផ្អែកលើកត្តាជាច្រើនក្នុងនោះរួមមាន ការវាយតម្លៃខ្ពស់របស់ភ្ញៀវ, អត្រានៃការទទួលការងារខ្ពស់, អត្រានៃការលុបចោលការកក់ទាប និងចំនួននៃការដឹកដ៏ច្រើន។
លោក ប៉ាត អាង បាននិយាយថា Grab គឺជាក្រុមហ៊ុនដ៏ល្អមួយ ព្រោះចាប់តាំងពីលោក បានភ្ជាប់កម្មវិធី Grab លោកបានទទួលចំណូលច្រើន។ លោក ប៉ាត អាង បន្តថា៖«នៅពេលដែលបានក្លាយជាដៃគូបើកបរពិសេសរបស់ Grab ក្រុមហ៊ុនបានចាប់ផ្តើមជួយឲ្យទទួលបានភ្ញៀវកាន់តែច្រើន។ ក្រុមហ៊ុននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដើម្បីលើកទឹកដល់ឲ្យអ្នកបើកបរ ដូចជារង្វាន់លួងចិត្តជាដើម»។
លោកសៀ ស៊ីថាន ដែលជាប់ជាដៃគូបើកបរឆ្នើមបំផុត ចំណាត់ថ្នាក់លេខ២ បានបញ្ជាក់ថា៖ « ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដែលក្រុមហ៊ុន Grab បានរៀបចំកម្មវិធីនេះ។ សម្រាប់ លោក ស៊ីថា កម្មវិធីថ្លែងអំណរគុណនេះ នឹងលើកទឹកចិត្តឲ្យអ្នកបើកបរ ខិតខំធ្វើការងារកាន់តែខ្លាំង ហើយការខិតខំនេះ ក៏នឹងជួយឲ្យពួកគាត់ទទួលបានចំណូលកាន់តែច្រើន ផងដែរ»។
លោកសៀ ស៊ីថាន បានចែករំលែកគន្លឹះសំខាន់ៗដល់អ្នកបើកបរផ្សេងទៀតអំពីវិធីសាស្ត្រក្នុងការទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីការប្រើប្រាស់កម្មវិធី Grab ថា៖«អ្នកបើកបរគួរតែមានចរិតល្អ និងស្លៀកពាក់ឲ្យបានសមរម្យ ប្រសិនបើគាត់ចង់ឲ្យអ្នកដំណើររីករាយនឹងការធ្វើដំណើរ គាត់មិនគួរធ្វើឲ្យមានក្លិនអាក្រក់ក្នុងម៉ូតូកង់បីរបស់គាត់ឡើយ ហើយត្រូវតែរួសរាយរាក់ទាក់»។
ក្រុមហ៊ុន Grab បញ្ជាក់ថា ប្រសិនបើដៃគូបើកបរប្រើប្រាស់កម្មវិធី Grab តែមួយ ដៃគូបើកបរទាំងអស់ អាចរកចំណូលបានច្រើនជាងមុន អាចតាមដានចំណូលរបស់ខ្លួនបានច្បាស់លាស់ និងអាចប្រើប្រាស់មុខងារផ្សេងរបស់កម្មវិធី ដើម្បីចំណេញពេលវេលា និងសុវត្ថិភាពរបស់ខ្លួន។
អ្នកស្រី ហេង សុធាវី ដែលជាអ្នកតំណាងឲ្យក្រុមហ៊ុន Grab ក្នុងកម្មវិធីនេះ បានឲ្យដឹងថា Grab កំពុងតែបន្ថែមមុខងារពិសេសថ្មីៗជាច្រើន ចូលក្នុងកម្មវិធីទូរសព្ទនេះ ដើម្បីជួយឲ្យដៃគូបើកបររបស់ខ្លួន អាចធ្វើការកាន់តែមានប្រសិទ្ធភាព រកបានចំណូលបានកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ក្នុងនោះរាប់បញ្ចូលទាំងរង្វាន់ និងការលើកទឹកចិត្តផ្សេងៗ។
អ្នកស្រី បន្តថា៖ «តាមរយៈមុខងារពិសេសៗជាច្រើនដូចជា Back-to-Back ដែលអនុញ្ញាតឲ្យដៃគូបើកបរ ទទួលយកការកក់អ្នកដំណើរថ្មី នៅពេលពួកគាត់កំពុងតែដឹកអ្នកដំណើរម្នាក់ផ្សេងទៀត ឬកម្មវិធី My Destination ដែលនឹងជួយឲ្យអ្នកបើកបរ ទទួលបានការកក់ពីអ្នកដំណើរ ដែលត្រូវទៅគោលដៅដូចគ្នាជាមួយនឹងអ្នកបើកបរ។ ដៃគូបើកបររបស់យើង អាចចាប់ផ្តើមស្វែងរកបន្ថែមអំពីមុខងារនីមួយៗ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មវិធី Grab ដែលកម្មវិធីផ្សេងទៀត មិនអាចផ្តល់ឲ្យ»។
អ្នកស្រី ហេង សុធាវី គូសបញ្ជាក់ទៀតថា ការបង្កើតឱកាសរកចំណូលសម្រាប់ដៃគូបើកបររបស់ខ្លួន គឺជាផ្នែកសំខាន់មួយនៃទស្សនវិស័យរបស់ Grab នៅកម្ពុជា ខណៈដែលក្រុមហ៊ុន កំពុងផ្តល់ជូនអតិថិជននូវសេវាកម្មដឹកជញ្ជូន ដែលមានតម្លៃសមរម្យជាងគេ ការសន្សំពិន្ទុប្តូររង្វាន់ និងមុខងារសុវត្ថិភាព ជាពិសេសជាច្រើន ដែលកម្មវិធីផ្សេងមិនអាចធ្វើបាន៕
គួរបញ្ជាក់ផងដែរថា កម្មវិធីថ្លែងអំណរគុណដៃគូបើកបរឆ្នើមនេះ ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនហ្គាសទាន់សម័យ ភេសជ្ជៈកូកាកូឡា (Coca Cola) និងធនាគារឯកទេសវីង។